17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • 4ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !  4បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long4Email: info@thekhmerposts.com or jamiemeach09@gmail.com,4 Web site: www.thekhmerposts.com

សមត្ថកិច្ច​បញ្ជូន​លោក អាឡិក សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ចេញ​ពី​កម្ពុជា សមត្ថកិច្ច​បញ្ជូន​លោក អាឡិក សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ចេញ​ពី​កម្ពុជា

Public Date: February 24, 2015

ដោយ តាំង សារ៉ាដា

សមត្ថកិច្ចកម្ពុជាបានបញ្ជូនលោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញពីកម្ពុជា កាលពីវេលាម៉ោងប្រហែល ៩យប់ថ្ងៃច័ន្ទ ទី ២៣ កុម្ភៈ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ការបញ្ជូនលោកអាឡិកចេញពីក្រុងភ្នំពេញ គឺតាមជើងយន្តហោះថៃ អ៊ែរវេ (Thai Airway) ធីជី៥៨៥ (TG585) ទៅកាន់ទីក្រុងបាងកក ។

លោក ខៀវ សុភ័គ អះអាងថា លោក អាឡិក នឹងមិនអាចអនុញ្ញាតឲ្យចូលកម្ពុជាបានទៀតទេ ដោយសារសកម្មជនការពារបរិស្ថានរូបនេះមានឈ្មោះរំលោភច្បាប់​អន្ដោប្រវេសន៍​របស់កម្ពុជា ដោយមិនព្រមចាកចេញតាមការស្នើរបស់សមត្ថកិច្ចកម្ពុជាកន្លងមក។

ការចាប់បញ្ជូនលោក អាឡិកចេញពីស្រុកខ្មែរទាំងយប់នេះ គឺផ្ទុយពីព័ត៌មានផ្តល់ដោយអនុប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក នៅ លក្ខណា ក្នុងសន្និសីទកាសែត កាលពីយប់ថ្ងៃទី២៣​កុម្ភៈ ដែលបញ្ជាក់ថា លោកអាឡិកនឹងមិនត្រូវបញ្ជូនចេញពីកម្ពុជានៅយប់ថ្ងៃចន្ទទេ ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ គឺទុកពេល៧ថ្ងៃឱ្យលោកអាឡិក ចាកចេញពីកម្ពុជា បន្ទាប់ទិដ្ឋាការរបស់លោកផុតកំណត់ នៅថ្ងៃទី ២០ កុម្ភៈ ។

សមត្ថកិច្ច​បានចាប់​ខ្លួនសកម្មជនការពារព្រៃឈើជនជាតិអេស្ប៉ាញរូបនេះ​ កាលពីរសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ក្នុងទីក្រុង ភ្នំពេញក្រោមហេតុផលផុតកំណត់ ទិដ្ឋាការបន្តរស់នៅក្នុងប្រទេសកម្ពុជា ។

មុនការចាប់ខ្លួន លោក អាឡិក ប្រមាណ ២ម៉ោង នៅថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈក្នុងពេលចែកសញ្ញាបត្រដល់និស្សិត ដោយព្រមាន អ្នកនយោបាយ និងអង្គការសង្គមស៊ីវិល មិនឲ្យលូកដៃក្នុងករណី លោក អាឡិក នេះទៀត។ ការព្រមានរបស់នាយករដ្ឋមន្រ្តី គឺសម្ដៅលើមន្ត្រីបក្សប្រឆាំង ដែលស្នើឲ្យព្រះមហាក្សត្រប្រទានកិច្ចអន្តរាគមន៍ឲ្យ លោក អាឡិក ក្នុងការបន្តទិដ្ឋាការនៅប្រទេសកម្ពុជា៖ «អ៊ីចឹងទេ បើគ្រាន់តែធ្វើរដ្ឋអធិបតេយ្យមួយ គ្រាន់តែគេបំពានដែរ ចាំបាច់ទៅធ្វើរដ្ឋធ្វើអី? មិនថាជនបរទេសបំពានទេ ជនជាតិខ្មែរបំពានក៏ត្រូវតែមានទោសដែរ  អំណាចរដ្ឋសង្ឃឹមថា រឿងអស់ទាំងនេះត្រឹមតែរដ្ឋមន្ត្រីមហាផ្ទៃ ដោះស្រាយបានហើយ។ គេទៅរំខានដល់ព្រះមហាក្សត្រហ្ន៎!  ព្រះមហាក្សត្រទ្រង់ចេញលិខិតមកខ្ញុំព្រះករុណាខ្ញុំ ប្រាប់ឯកឧត្ដម ស ខេង ថា សរសេរព្រាងឲ្យខ្ញុំផង ប៉ុន្តែមិនសមទៅរំខានព្រះមហាក្សត្រ។ សមត្ថកិច្ចគេទុកឲ្យអ្នកបញ្ហាអន្ដោប្រវេសន៍នេះ គឺរដ្ឋមន្ត្រីមហាផ្ទៃ ចាត់ចែងទៅវាចប់ហើយ»។

លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ជាអ្នកការពារបរិស្ថានតំបន់អារ៉ែង ខេត្តកោះកុង ដ៏ឈានមុខមា្នក់ក្នុងការទប់ស្កាត់​គម្រោងសាងសង់ទំនប់វារីអគ្គិសនី​របស់ក្រុមហ៊ុន ចិន ស៊ីណូ ហាយដ្រូ (Sino Hydro) ។

ទាក់ទងនឹងការចាប់បញ្ជូនលោកអាឡិកចេញពីកម្ពុជានេះ ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង អះអាងថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជា គឺជាការបំបាក់ស្មារតីដល់ក្រុមអ្នកហ៊ានចេញមុខការពារបរិស្ថានក្នុងប្រទេសកម្ពុជា ពីការបំផ្លាញធនធានធម្មជាតិដោយក្រុមឈ្មួញមានអំណាច។

នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលទីក្រុងភ្នំពេញ បណ្តេញក្រុមអ្នកការពារបរិស្ថានឯករាជ្យចេញពីកម្ពុជា។ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០០៣ រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបណ្តេញអង្គការឃ្លាំមើលពិភពលោក ក្លូបប៊ល វីតនេស (Global Witness) ចេញពីកម្ពុជា ដែរ ក្រោយពីអង្គការនេះ​បានតាមដានយ៉ាងយកចិត្តទុកដាក់​អំពីសកម្មភាព​ធ្វើអាជីវកម្មឈើប្រណីតនៅកម្ពុជា ដែលមានជាប់ពាក់ព័ន្ធជាមួយមន្រ្តីមានអំណាចកំពូលៗក្នុងជួររដ្ឋាភិបាល។

លើសពីនេះទៅទៀត ឃាតកម្មលើរូបលោក ឈុត វុទ្ធី ប្រធានអង្គការការពារ ធនធានធម្មជាតិក្នុងខេត្តកោះកុង កាលពីឆ្នាំ ២០១២ ដោយសារសកម្មភាពការពារព្រៃឈើ​ដ៏​ឈានមុខ​របស់លោកនោះ ក៏ឋិតក្នុងភាពអាថ៌កំបាំង ហើយជនដៃដល់មិនទាន់ត្រូវបាននាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះឡើយ ៕


Free counters!

All Rights Reserved.

Scroll