17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !

    បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long 4Email: info@thekhmerposts.com or jamiemeach09@gmail.com, 4 Web site: www.thekhmerposts.com

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​បក្ស​ទាំង​ពីរ​កែប្រែ​ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​បក្ស​ទាំង​ពីរ​កែប្រែ​ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី

Public Date: March 18, 2015

RFA សុ ជីវី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​រៀបចំ​ដោយ​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​សភា គឺ​ជា​ច្បាប់​ដែល​រំលោភ​លើ​មូលដ្ឋាន​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ។

ការ​លើក​ឡើង​របស់​អង្គការ​អន្តរជាតិ​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋសភា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​ថ្មី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ មីនា សប្ដាហ៍​នេះ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ ត្រូវ​កែប្រែ​ចំណុច​មួយ​ចំនួន​នៃ​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​ថ្មី ដើម្បី​ធានា​ថា ច្បាប់​នេះ​មិន​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ងាក​ចេញ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​មុន​ពេល​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​ពិភាក្សា​អនុម័ត។

សេចក្ដី​ថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា របស់​យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា មាន​ចំណុច​ដែល​បញ្ជាក់​ថា​ច្បាប់​ថ្មី​នេះ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សមាគម និង​ការ​ជួប​ប្រជុំ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត ក្នុង​នោះ​រួម​មាន ការ​ដាក់​ទោស​ទណ្ឌ​សកម្មជន ឬ​រំលាយ​គណបក្ស​ពី​បទ​ប្រមាថ​គណបក្ស​នយោបាយ ឬ​អ្នក​ឈរ​ឈ្មោះ រារាំង​អ្នក​បោះ​ឆ្នោត និង​បង្កើត​ឲ្យ​មាន​ការ​រើសអើង ការ​បង្រួញ​រយៈពេល​ឃោសនា​បោះ​ឆ្នោត ការ​អនុញ្ញាត​ឲ្យ​កង​កម្លាំង​រក្សា​សន្តិសុខ​ចូលរួម​គណបក្ស​ក្នុង​រូបភាព​បំភិត​បំភ័យ រារាំង​គណបក្ស​នយោបាយ​មិន​ឲ្យ​ពហិការ​ប្រឆាំង​ការ​បន្លំ​ការ​បោះ​ឆ្នោត និង​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត និង​បន្ត​ឲ្យ គ.ជ.ប ឋិត​ក្រោម​ឥទ្ធិពល​នយោបាយ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែត អាដាម (Brad Adams) លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ស្រប​ពេល​មាត្រា​ដែល​រឹតត្បិត​សេរីភាព​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឡើង គណបក្ស​សង្គ្រោះ​ជាតិ បែរ​ជា​ព្រមព្រៀង​តាម៖ «ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ​ការ​ជួប​ប្រជុំ និង​សមាគម នឹង​នាំ​ឲ្យ​ការ​បោះ​ឆ្នោត​លែង​ជា​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ ច្បាប់​នេះ​ផ្តល់​លទ្ធភាព​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ប្រវត្តិសាស្ត្រ​ប្រើប្រាស់​តុលាការ​ប្រឆាំង​អ្នក​រិះគន់ ហើយ​ក៏​ជា​ច្បាប់​ដែល​អាច​ប្រើប្រាស់​ប្រឆាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្នុង​ការ​ស្ទង់​មតិ​ដែល​រក​ឃើញ​ថា បក្ស​ប្រឆាំង​នាំ​មុខ​ក្នុង​ការ​បោះ​ឆ្នោត ឬ​រិះគន់​បក្ស​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ»។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ស្នើ​ឲ្យ​លុប​ចោល​មាត្រា​៨៤ ដែល​និយាយ​ដល់​ការ​ដាក់​ទោស​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​រិះគន់ ធ្វើ​ការ​ស្ទង់​មតិ ថ្លែងការណ៍ ឬ​ផ្ដល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រូវ​ចាត់​ទុក​ថា​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ពុំ​បាន​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ។ លោក សុខ ឥសាន បន្ត​ថា សេចក្ដី​ស្នើ​ច្បាប់​ថ្មី​នេះ គឺ​ជា​ការ​រៀន​សូត្រ​បទពិសោធន៍​ក្នុង​ពេល​បោះ​ឆ្នោត​អាណត្តិ​មុនៗ ហើយ​ក៏​ពុំ​មែន​ជា​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​ឡើយ៖ «ដើម្បី​ធ្វើ​យ៉ាង​ណា វិធានការ​យ៉ាង​ណា​ទប់ស្កាត់​បាតុភាព​អសកម្ម​ដែល​រំលោភ​ច្បាប់។ ហើយ​មាត្រា​ដែល​ដាក់​ពិន័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​កម្រិត​ព្រំដែន​សកម្មភាព​របស់​គាត់ មិន​មែន​ជា​រឿង​បិទ​សិទ្ធិ​ទេ»។

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ដែរ​ថា ពិត​មែន​ថា​មាន​ចំណុច​ខ្វះខាត ប៉ុន្តែ​ច្បាប់​នេះ​បាន​បង្កើត គ.ជ.ប ថ្មី ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ជាង​មុន។ លោក​ថា អនុសាសន៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល នឹង​ត្រូវ​ពិចារណា​នៅ​ពេល​មាន​កែប្រែ​ណា​មួយ​នៅ​ពេល​ក្រោយ៖ «ជា​រួម គឺ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់ គ.ជ.ប ច្រើន ដែល​គាត់​ទទួល​គណនេយ្យ​ភាព​ចំពោះ​រដ្ឋសភា ហើយ​តួនាទី​ទទួល​ខុស​ត្រូវ​ភារកិច្ច​គាត់​មាន​សិទ្ធិ​អំណាច​ច្រើន​ជាង​មុន​ក្នុង​ការ​ចាត់​ចែង​ការងារ​ដូចជា​ក្រុម​ចុះ​ឈ្មោះ គឺ​ត្រូវ​បាន​គាត់​ជា​អ្នក​ចាត់​តាំង។ ដូច្នេះ កំណែ​ទម្រង់​ហ្នឹង​យើង​ឃើញ​មាន​ភាព​វិជ្ជមាន​ច្រើន ថ្វីត្បិត​តែ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ទៀត​ត្រូវ​ពិនិត្យ»។

ទាក់ទិន​នឹង​ច្បាប់​ថ្មី​នេះ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ហៅ​ថា អឺរ៉ា (ERA) មាន​អនុសាសន៍​សំខាន់ៗ​ចំនួន​៤ សុំ​ឲ្យ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​លុប​ចោល​មាត្រា​៨៤ និយាយ​ពី​ការ​ដាក់​ទោស​អង្គការ​សង្គម​ស៊ីវិល សុំ​ឲ្យ​ដក​ចេញ​មាត្រា​១៦០ ដែល​ចែង​ពី​ការ​ផាក​ពិន័យ​អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត សុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ​មាត្រា​៨៣ ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​តុលាការ យោធា មាន​សិទ្ធិ​ចូលរួម​ឃោសនា​បោះ​ឆ្នោត និង​មាត្រា​១៦២ ចែង​ពី​បទល្មើស​បុគ្គល​ផ្សារភ្ជាប់​ទៅ​គណបក្ស​នយោបាយ។

ចំណែក​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា លើក​ឡើង​ថា ច្បាប់​ថ្មី​បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល។ លោក​ក៏​ជំរុញ​ឲ្យ​សភា​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់៕


Free counters!

All Rights Reserved.

Scroll