លោក ហ៊ុន សែន មិនខ្វល់ពីប្រតិកម្មមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចំពោះច្បាប់បោះឆ្នោតថ្មី លោក ហ៊ុន សែន មិនខ្វល់ពីប្រតិកម្មមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចំពោះច្បាប់បោះឆ្នោតថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងចំអកឲ្យមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ថាមានជំងឺតួឯក ដែលតាំងខ្លួនឯងថាជាមនុស្សសំខាន់ ដែលធ្វើពហិការមិនចូលរួមសិក្ខាសាលាស្ដីពីសេចក្តីព្រាងច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់កែទម្រង់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ហ៊ុន សែន មានប្រតិកម្មនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១០ មីនា ដូច្នេះ ដោយសារតែអង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មលើការងារបោះឆ្នោតកន្លងមក មិនចូលរួមក្នុងសិក្ខាសាលាស្ដីពីសេចក្ដីព្រាងច្បាប់ចំនួនពីរ ដែលរៀបចំដោយគណបក្សទាំងពីរកាលពីថ្ងៃទី៩ មីនា នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយគណបក្សជាប់ឆ្នោតទាំងពីរ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋសភានឹងមិនអញ្ជើញមន្ត្រីអង្គការសង្គមស៊ីវិលចូលរួមក្នុងសិក្ខាសាលា ស្ដីពីសេចក្ដីព្រាងច្បាប់ទាំងពីរនេះទៀតទេ ទោះបីជាមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួននេះ មិនចូលរួមក៏គ្មានបញ្ហាអ្វីដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ដំណើរការបោះឆ្នោតនៅពេលខាងមុខ នឹងមិនគាំងទេ បើសិនជាច្បាប់បោះឆ្នោតថ្មីនេះចេញមិនរួច ក៏នៅមានច្បាប់ចាស់ និង គ.ជ.ប ដែលមានជាធរមាន អាចរៀបចំការបោះឆ្នោតបានដែរ ដោយយោងលើកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយកាលពីថ្ងៃទី២២ កក្កដា នោះ៖ «ម្សិលមិញសិក្ខាសាលាអំពីច្បាប់បោះឆ្នោតដែលមានការសម្របសម្រួលដោយគណបក្សទាំងពីរ ដោយសារតែលង់ដោយជំងឺតួឯក ហើយមានអង្គការខ្លះគេធ្វើពហិការ ស្មានថាធ្វើពហិការហ្នឹងគេងាប់អី ធ្វើទៅ? ឥឡូវឮថា បើអញ្ជើញលើកក្រោយគេនឹងទៅ គ្មានពេលទេ ទៅឬមិនទៅជារឿងរបស់លោកឯងទេ គ្មាននរណាគេតម្រូវចិត្តរបស់លោកឯងប៉ុន្មាននាក់នោះទេ?»។
ឆ្លើយតបនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគចាត់ទុកការសិក្ខាសាលាដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នោះ គ្រាន់តែជាល្ខោនឲ្យល្អមើលតែប៉ុណ្ណោះ។ ហើយបញ្ជាក់ថា ពួកគាត់មិនទៅចូលរួមក្នុងសិក្ខាសាលានេះ ដោយសារតែមិនចង់ទៅប្រថាប់ត្រាក្នុងសិក្ខាសាលានេះ។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និងតំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា (ERA) មានប្រសាសន៍ថា មូលហេតុដែលអង្គការសង្គមស៊ីវិលមួយចំនួនមិនចូលរួមក្នុងសិក្ខាសាលានេះ ដោយសារក្រុមការងារគណបក្សទាំងពីរ មិនបានផ្ដល់របៀបវារៈជាមុន។ លោក គល់ បញ្ញា បានហៅសិក្ខាសាលានេះថា គ្រាន់តែជាការប្រជុំមួយធម្មតាប៉ុណ្ណោះ។
ក្រោយពីក្រុមការងារគណបក្សទាំងពីរ បានធ្វើសិក្ខាសាលាបញ្ចប់កាលពីថ្ងៃទី៩ មីនា នោះ អង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ និងធ្វើសន្និសីទសារព័ត៌មានរួមគ្នាភ្លាមៗ មិនគាំទ្រសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី និងសេចក្ដីព្រាងច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះឡើយ ដោយពួកគេសម្ដែងការព្រួយបារម្ភចំពោះដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ថាគ្មានគុណភាពច្បាប់ និងការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ល។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា មន្ត្រីអង្គការសង្គមស៊ីវិល មិនចូលរួមក្នុងសិក្ខាសាលានេះជាកាយវិការត្រឹមត្រូវ ព្រោះសិក្ខាសាលានេះជាសិក្ខាសាលាប្រថាប់ត្រា មិនមែនពិគ្រោះយោបល់នោះទេ៖ «រៀបចំឡើងប្រថាប់ត្រាហ្នឹង រំលោភរដ្ឋធម្មនុញ្ញ ខ្ញុំគាំទ្រអង្គការក្រៅរដ្ឋាភិបាលដែលមិនចូលរួមរដ្ឋាភិបាលមិនស្ដាប់ អ៊ិន.ជី.អូ (NGO) ហ្នឹង គឺមិនស្ដាប់យូរមកហើយ តែកន្លែងខ្លះក៏គេទទួលយកទេ មិនសំខាន់ទេ បរិបទនេះប្រជាពលរដ្ឋមានការយល់ដឹងច្រើន»។
មកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើគណបក្សទាំងពីរនឹងរៀបចំសិក្ខាសាលាទៀត ឬយ៉ាងណា? ក្រុមការងារគណបក្សទាំងពីរ ឲ្យដឹងនៅក្នុងសិក្ខាសាលាថា គេទុកឲ្យថ្នាក់ដឹកនាំគណបក្សទាំងពីរជាអ្នកសម្រេច។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសារមិនខ្វល់ពីអង្គការសង្គមស៊ីវិលគាំទ្រច្បាប់នេះ ឬមិនគាំទ្រនោះ ហាក់ដូចជាលោកមិនចង់ឲ្យមានសិក្ខាសាលាបន្តទៀត ព្រោះលោកសំអាងលើ គ.ជ.ប ថ្មី មិនត្រូវបានបង្កើតឡើង ក៏នៅមាន គ.ជ.ប ចាស់ នៅមានជាធរមានដែរ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល អះអាងថា ការធ្វើច្បាប់ថ្មីទាំងពីរនេះ គណបក្សជាប់ឆ្នោតទាំងពីរកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបើសេចក្ដីព្រាងច្បាប់នេះមិនបានដាក់ឲ្យពិគ្រោះយោបល់ និងទទួលយកអនុសាសន៍យ៉ាងទូលំទូលាយទេនោះ ការបោះឆ្នោតនៅពេលខាងមុខ នៅតែមិនត្រឹមត្រូវ ឯករាជ្យ សេរី និងយុត្តិធម៌នោះឡើយ៕