17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !

    បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long 4Email: info@thekhmerposts.com or jamiemeach09@gmail.com, 4 Web site: www.thekhmerposts.com

លោក មា​ជ សុវណ្ណារ៉ា មិន​សង្ឃឹម​បាន​នៅ​ក្រៅ​ឃុំ​បើ​គ្មាន​ការចរចា​ពី​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ លោក មា​ជ សុវណ្ណារ៉ា មិន​សង្ឃឹម​បាន​នៅ​ក្រៅ​ឃុំ​បើ​គ្មាន​ការចរចា​ពី​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ

Public Date: March 04, 2015

VOD៖​ ឡាយ សាមាន

សកម្មជន​គណបក្ស​សង្គ្រោះ​ជា​តិលោក មា​ជ សុវណ្ណារ៉ា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា រូប​លោក​មិន​សង្ឃឹមថា​បាន​នៅ​ក្រៅ​ឃុំ​នោះ​ទេ បើ​គ្មាន​ការចរចា​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ទាំង​ពីរ​ដោយ​លោក​អះអាង​ថា ករណី​របស់​លោក​គឺជា​រឿង​នយោបាយ​សុទ្ធសាធ។​

​ការលើកឡើង​របស់​មន្ត្រី​គណបក្សប្រឆាំង​រូបនេះ ខណៈ​ដែល​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​១១  ខែ​មីនា លើ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់​ទៀត។​

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុវណ្ណារ៉ា ថ្លែងថា​លោក​មិន​មាន​សង្ឃឹមថា​នឹង​ត្រូវ​បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ ប្រសិនបើ​គ្មាន​ការចរចា​សម្របសម្រួល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ។ លោក​បាន​ចាត់ទុក​ករណី​ឃុំ​ខ្លួន​លោក​ជា​រឿង​នយោបាយ​សុទ្ធសាធ ។ ទោះយ៉ាងណា លោក មា​ជ សុវណ្ណារ៉ា សង្ឃឹមថា​តុលាការ​នឹង​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដោយ​ឯករាជ្យ​ដោយ​មិន​រង​សម្ពាធ​នយោបាយ។ 

 

លោក​ថា «​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង វា​ស៊ីសង​នៅ​លើ​គណបក្ស​ទាំង​ពីរ​គេ​ចរចា ព្រោះ​រឿង​នេះ​ជា​រឿង​នយោបាយ អ៊ីចឹង​តុលាការ​ត្រូវបាន​គេ​ចោទ​ថា​នៅ​សម្ពាធ​ពី​អ្នកនយោបាយ ព្រោះ​យើង​ឃើញថា អ្នកទោស​គ្រឿងញៀន អ្នកទោស​បាញ់​សម្លាប់​មនុស្ស គេ​ឲ្យនៅ​ក្រៅ​ឃុំ យើង​ជា​អ្នកនយោបាយ ជា​បញ្ញវន្ត មាន​គុណធម៌ គ្មាន​អំពើហិង្សា​គេ​ឲ្យនៅ​បន្ត​ជាប់​ឃុំ​ទៀត​»។​

​មេធាវី​ការពារ​រឿង​ក្តី​គឺ​លោក ជូ​ង ជូ​ងី ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពីសា​វនា​ការ​ថា បើ​ផ្អែកលើ​ខ្លឹមសារ​ច្បាប់ និង​អង្គហេតុ​ជាក់ស្តែង លោក មា​ជ សុវណ្ណារ៉ា នឹង​ត្រូវ​ដោះ​លែងឲ្យ​មាន​សេរីភាព ដោយ​អះអាង​ថា ការចោទប្រកាន់​របស់​តុលាការ​កន្លងមក លោក​សិក្សា​ឃើញ​ថា​មិនមែន​ជា​រឿង​កុបកម្ម​ឡើយ ។ លោក​បញ្ជាក់ថា «​ហើយ​នៅពេល​ដែល​ចូលរួម​ក្នុង​ថ្ងៃ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ គាត់​អត់​មាន​ទៅប្រើ​ហិង្សា​ទេ ហើយ​នៅក្នុង​វីដេអូ​ឃ្លី​បដែល​ខ្ញុំ​បាន​សិក្សា ក៏​អត់​ឃើញ​គាត់​ទៅ​ប្រើ​ហិង្សា​ជា​មួយ​អ្នកណា​ទាំងអស់ ហើយ​នៅពេល​ដែល​គាត់​និយាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ គឺ​គាត់​ហាមឃាត់​កុំឲ្យ​មាន​ហិង្សា អ៊ីចឹង​ហិង្សា​កើតឡើង​រវាង​សន្តិសុខ​របស់​អាជ្ញាធរ ជាមួយនឹង​បាតុករ​ដែល​ចូលរួម​នោះ ប៉ុន្តែ​តុលាការ​មក​ចោទប្រកាន់​គាត់​ដឹកនាំ​កុបកម្ម និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម ដែល​កុបកម្ម​នេះ​វា​ជា​បទល្មើស​ធ្ងន់ធ្ងរ ហើយ​ដែល​លើស​ពី​ការកើតឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​» ។​

​ស្របពេល​ដែល​សវនាកា​រ​កំពុងដំណើរការ អ្នកគាំទ្រ​លោក មា​ជ សុវណ្ណារ៉ា ប្រមាណ​៥០​នាក់​នាំគ្នា​ស្រែក​ទាមទារ​នៅ​ខាងក្រៅ​តុលាការ​កំពូល ឲ្យ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ឥត​លក្ខខណ្ឌ ។​

​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់ថា​ការសម្រេចចិត្ត​របស់​តុលាការ​កំពូល​ជា​រឿង​នយោបាយ ដោយ​រង់ចាំ​តែ​ថ្នាក់​ដឹកនាំ​បក្ស​ទាំងពីរ​ចរចា​គ្នា​ប៉ុណ្ណោះ ។ លោក​សោកស្តាយ​ការ​ដែល​អ្នកនយោបាយ​មានអំណាច ចាប់​ខ្លួន​សកម្មជន​បក្សប្រឆាំង ដើម្បី​ដាក់​សម្ពាធ​ក្នុង​ការចរចា​លើ​ច្បាប់បោះឆ្នោត ។ លោក​មានប្រសាសន៍ថា «​ខ្ញុំ​ថា​រឿង​នេះ​ជា​រឿង​នយោបាយ ការសម្រេចចិត្ត​របស់​តុលាការ​កំពូល​ជា​រឿង​នយោបាយ ប្រធាន​របស់​តុលាការ​កំពូល​ជា​សមាជិក​គណបក្ស​ប្រជាជន ជា​រឿងនិទាន​បុគ្គល​នយោបាយ ដូច្នេះ​អត់​មានអី​ប្លែក​ក្រៅ​ពី​ស្ថានភាព​នយោបាយ​ទេ យើង​ចង់​មើល​ករណី​ហ្នឹង គ្រាន់​មើល​រឿង​ករណី​នយោបាយ​ទៅ ។ ខ្ញុំ​មើល​ទៅ​ការលើក​នេះ វា​អត់​មាន​មូលហេតុ​ត្រូវ​លើក វា​អត់​មាន​អី​ត្រូវ​រង់ចាំ​ភស្តុតាង ឬ​មួយ​រង់ចាំ​អី​ផ្សេង​ទៀត​ក្រៅតែពី​រង់ចាំ​ស្ថានភាព​ការចរចា​នយោបាយ​ទេ​» ។​

លោក អ៊ូ វីរៈ សោកស្តាយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដែល​យល់ព្រម​ឲ្យមាន​ចែង​ក្នុង​ច្បាប់បោះឆ្នោត ដោយ​កំណត់​មិន​ឲ្យ​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល បែរ​ជា​អនុញ្ញាត​ឲ្យ​ទាហាន និង​ចៅក្រម ឃោ​សនា​ឲ្យ​បក្សនយោបាយ​ទៅវិញ ។​

​គួររំឭកថា ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និង​អាជ្ញាធរ​បាន​ចាប់ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​ធ្វើការ​ក្នុង​សភា ៕ 


Free counters!

All Rights Reserved.

Scroll