សង្គមស៊ីវិលថ្កោលទោសគណបក្សនយោបាយបញ្ចូលមន្ដ្រីតុលាការ និងកងប្រដាប់អាវុធក្នុងជួរបក្ស សង្គមស៊ីវិលថ្កោលទោសគណបក្សនយោបាយបញ្ចូលមន្ដ្រីតុលាការ និងកងប្រដាប់អាវុធក្នុងជួរបក្ស
ដោយ៖ ឡេង ចាន់រតនា និងស៊ុន ណារិន
បណ្ដាញអង្គការសង្គមស៊ីវិលប្រមាណ១៧ នៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោសចំពោះគណបក្សនយោបាយដែលបញ្ចូលមន្ដ្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធទៅក្នុងជួរគណបក្សនយោបាយរបស់ខ្លួន ដោយចាត់ទុកថានេះការរំលោភលើរដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី និងយុត្ដិធម៌។
អង្គការទាំង១៧នោះមានដូចជាអង្គការខុមហ្រ្វែល និចហ្វិច លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមអាដហុកជាដើម។
សេចក្ដីថ្លែងរួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថាយ៉ាងហោចណាស់មន្ដ្រីតុលាការមួយចំនួន និងមន្ដ្រីក្នុងតំណែងមួយនៃកងកម្លំាងប្រដាប់អាវុធចំនួន៨០រូបក្នុងជួរយោធា នគរបាល និងកងរាជអាវុធហត្ថ ត្រូវបានបានដាក់បញ្ចូលក្នុងសមាជិកថ្មីក្នុងគណៈកម្មការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជានៅក្នុងមហាសន្និបាតវិសាមញ្ញ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថានេះមានន័យថាសមាជិកគណៈកម្មាធិការកណ្ដាលក្លាយជាអ្នកនយោបាយ ឬមន្ដ្រីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយពួកគេមានកាតព្វកិច្ចធ្វើសកម្មភាពបម្រើផលប្រយោជន៍ឲ្យគណបក្សរបស់ខ្លួន។
នៅក្នុងសេចក្ដីថ្លែងរួមដដែលឲ្យដឹងទៀតថាការបញ្ចូលមន្ដ្រីតុលាការ និងកងកម្លំាងប្រដាប់អាវុធក្នុងគណបក្សនយោបាយជាការរំលោភលើប្បាប់រដ្ឋធម្មនុញ្ញមាត្រា១២៨ដែលចែងថា«តុលាការជាអំណាចឯករាជ្យ» និងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងក្នុងមាត្រា៥១ថ្មី ជាពិសេសច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា១៥ដែលចែងថា«….មន្ដ្រីតុលាការកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិអាចចូលរួមជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណៈបក្សនយោបាយណាមួយឡើយ….» ។ ច្បាប់ស្ដីពីគណបក្សនយោបាយបញ្ជាក់ថា«គណបក្សនយោបាយមិនត្រូវបានរៀបចំរចនាសម្ព័ន្ធចាត់តាំងនៅក្នុងស្ថាប័នតុលាការ កងយោធពលខេរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ» ។
សេចក្ដីថ្លែងការណ៍បានដកស្រង់សម្តីរបស់ប្រធានសមាគមអាដហុក លោក ធន សារាយ ថា«ដើម្បីប្រយោជន៍ជាតិ នីតិរដ្ឋ យុត្ដិធម៌ត្រឹមត្រូវគណៈនយោបាយត្រូវដកមន្ដ្រីតុលាការ កងយោធពលខេរភូមិន្ទ និងនគរបាលជាតិទាំងនោះពីជួរដឹកនំាគណបក្ស ។ មន្ដ្រីតុលាការ និងកងកម្លំាងទាំងនោះត្រូវតែជាមន្ដ្រីក្នុងតំណែងដែលមានវិជ្ជាជីវៈមិនប្រកាន់បក្ស និងត្រូវតែជាមន្ដ្រី និងកងកម្លំាងរបស់ជាតិ»។ លោកបន្តថា«ម្ចាស់ឆ្នោតត្រូវពិនិត្យទៅលើចំណុចជាសំខាន់ថាតើគណបក្សណាមួយនៅតែបន្ដនិងដាក់បញ្ចូលមន្ដ្រីតុលាការ កងយោធពលខេរភូមិន្ទ និងនគរបាលជាតិទៅក្នុងការដឹកនាំធ្វើសកម្មភាពបម្រើគណបក្សនោះមកធ្វើជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់បំផុតសម្រាប់ធ្វើការសម្រេចចិត្ដខាងនយោបាយក្នុងការបោះឆ្នោតគំាទ្រនៅក្នុងពេលបោះឆ្នោតឆ្នំា២០១៧ និង២០១៨ខាងមុខ» ។
ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍ក៏បានបញ្ជាក់ថាការដាក់បញ្ចូលមន្ដ្រីតុលាការ និងកងកម្លំាងប្រដាប់អាវុធ មិនអនុវត្ដស្របតាមកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរវាងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្ដដា ឆ្នំា២០១៤។
ក្នុងពិធីបិទសន្និបាតការងារនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៥ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថាកម្លាំងប្រដាប់អាវុធជាឧបករណ៍ផ្តាច់មុខសម្រាប់បំរើឲ្យរាជរដ្ឋាភិបាល ហើយបើមានចលនាណាមួយក្រោយការបោះឆ្នោតឈានដល់ការឡោមព័ទ្ធស្ថាប័នជាតិសំខាន់ៗ ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការពារជាតិជាដើមនោះ រដ្ឋាភិបាលនឹងប្រើសិទ្ធិក្នុងរដ្ឋធម្មនុញ្ញចេញបញ្ជាទប់ស្កាត់ករណីនេះ។ លោកមានប្រសាសន៍ថា«កងទ័ពត្រូវចាំ កម្លាំងប្រដាប់អាវុធត្រូវ រដ្ឋបាលស៊ីវិលត្រូវចាំ លោកឯងអាចអព្យាក្រិតជាមួយបក្សនយោបាយបាន ប៉ុន្តែលោកឯងអត់មានអព្យាក្រិតរវាងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស៊ីវិល ជាមួយនឹងរដ្ឋទេ រដ្ឋបាលស៊ីវិល រវាងបក្សនយោបាយជាមួយនឹងរដ្ឋទេ លោកឯងជាឧបករណ៍ការពាររដ្ឋ ការពាររដ្ឋធម្មនុញ្ញ ហើយអ្នកណាបញ្ជាលើកម្លាំងគឺរាជរដ្ឋាភិបាល អញ្ចឹងសូមឲ្យចាំណា ហើយឥឡូវប្រទេសបដិវត្តន៍... កំពុងងាប់ហើយ ងាប់មួយម្តងៗ ឬក៏បើវាមិនងាប់ទេក៏គង់តែរពើតរពើងៗ លីប៊ីយ៉ាងម៉េចហើយ សួរមើលលីប៊ី អេហ្ស៊ីបយ៉ាងម៉េចហើយ ទុយណេស៊ីគ្រាន់បើជាងគេបន្តិច បើអេហ្ស៊ីបយោធាកាន់ហ្មង ក្រៅពីការបង្ក្រាបហើយចាប់អាបក្សធ្វើនេះគេហ្នឹងកាត់ទោសប្រហារជីវិតហ្មង»។
ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ធ្លាប់មានប្រសាសន៍ថានៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយមាត្រា១៥ គ្រាន់តែហាមមិនឲ្យកងប្រដាប់អាវុធ យោធា នគរបាលធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយ។ តែលោកថាកងប្រដាប់អាវុធដែលដាក់បញ្ចូលនៅក្នុងសមាជិកគណៈកម្មាធិការកណ្តាលថ្មីគ្រាន់តែជាថ្នាក់ដឹកនាំរបស់គណបក្សប៉ុណ្ណោះ។
គួររំឮកថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេចបន្ថែមសមាជិកថ្មី៣០៦រូប បន្ថែមលើសមាជិកគណៈកម្មាធិការកណ្តាលដែលមានជាង២៦០រូប ដើម្បីបំពេញតម្រូវការជាក់ស្តែងនិងធានាប្រសិទ្ធភាពការងារ។ ក្នុងចំណោម៣០៦រូបនោះមានកងប្រដាប់អាវុធយ៉ាងតិច៨០រូប ដែលត្រូវបានដាក់បញ្ចូលរួមមាន លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលដឹកនាំការបង្ក្រាប ក្រុមបាតុកម្មកន្លងមក និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។ លោក ហ៊ុយ ពិសិដ្ឋ ជាអតីតមេបញ្ជាការនិងលោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការអង្គរក្ស លោក ហ៊ុន សែន លោក ម៉ក់ ជីតូ ទើបឡើងជាអគ្គស្នងការរងនគរបាលជាតិ និងលោក គៀត ច័ន្ទថារិទ្ធ ជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ។ លោក ទា វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ស្រី ឌឹក ជាមេបញ្ជាការប្រចាំភូមិភាគ៤តំបន់ប្រាសាទព្រះវិហារជាដើម ៕