ការសាកសួរមន្ត្រីជាន់ខ្ពស់នៅរដ្ឋសភាជុំវិញការចំណាយមិនត្រឹមត្រូវ បានរារាំង ការសាកសួរមន្ត្រីជាន់ខ្ពស់នៅរដ្ឋសភាជុំវិញការចំណាយមិនត្រឹមត្រូវ បានរារាំង
ដោយ អេឡិក វិល្លីមមីនស៍ និង គុច ណារ៉េន
កាលពីម្សិលមិញ លោក សុន ឆ័យ អនុប្រធានគណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភា បានចោទប្រកាន់លោក ជាម យៀប ប្រធានគណៈកម្មការនេះថា មានចេតនាគេចវេះមិនកោះហៅប្រធានរដ្ឋបាលនៃរដ្ឋសភាដើម្បីធ្វើការសាកសួរជុំវិញភាពមិនប្រក្រតីនៃការចំណាយ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ លោក សុន ឆ័យ បានចោទប្រកាន់លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភាថា ជាអ្នកមើលការខុសត្រូវថវិកាជាតិឆ្នាំ២០១៥ ដែលរួមមានការចំណាយ២៥.០០០ដុល្លារសម្រាប់បង្គោលដងទង់ជាតិមួយដើម និងការទិញរថយន្តថ្មីៗចំនួន៣០ គ្រឿង ដែលក្នុងមួយគ្រឿងៗមានតម្លៃ២០០.០០០ដុល្លារ ហើយបានមានប្រសាសន៍ថា សមាជិកទាំងប្រាំបួនរូបនៃគណៈកម្មការនេះ បានយល់ព្រមកោះហៅលោក ឡេង ប៉េងឡុង ឲ្យចូលខ្លួនដើម្បីធ្វើការបកស្រាយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ បានមានប្រសាសន៍ថា កាលពីព្រឹកម្សិលមិញ លោកបានជំរុញឲ្យធ្វើការសាកសួរ ប៉ុន្តែ ថា លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងដែលត្រូវចុះហត្ថលេខាលើលិខិតកោះហៅលោក ឡេង ប៉េងឡុង មិនបានធ្វើតាមទេ។
លោកបានមានប្រសាសន៍ថា “លោក ជាម យៀប ស្ទាក់ស្ទើរក្នុងការគោរពតាមសេចក្តីសម្រេចរបស់គណៈកម្មការ។ បន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុន គាត់បានចាត់តាំងខ្ញុំឲ្យកំណត់កាលបរិច្ឆេទដើម្បីជួបជាមួយលោក ឡេង ប៉េងឡុង ប៉ុន្តែ នៅពេលខ្ញុំកំណត់កាលបរិច្ឆេទរួចហើយ បែរជាគ្មានការឆ្លើយតប។ ខ្ញុំបានសួរគាត់អំពីរឿងនេះកាលពីម្សិលមិញ ហើយគាត់ហាក់ដូចជាមួម៉ៅ ហើយធ្វើដូចជាគាត់មិនសប្បាយចិត្តជាមួយខ្ញុំ។ ខ្ញុំមិនអាចទទួលយកបែបនេះបានទេ ពីព្រោះជាសេចក្តីសម្រេចរបស់គណៈកម្មការដែលសម្រេចថា ត្រូវនាំខ្លួនលោក ឡេង ប៉េងឡុង មកចំពោះមុខគណៈកម្មការដើម្បីធ្វើការសាកសួរ”។
លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកនឹងសរសេរលិខិតផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំឲ្យលោកជួយអន្តរាគមន៍ ហើយបង្ខំឲ្យគោរពតាមសេចក្តីសម្រេចរបស់គណៈកម្មការ ប្រសិនបើមិនចេញលិខិតកោះហៅត្រឹមសប្តាហ៍ក្រោយទេនោះ។
លោកបានមានប្រសាសន៍ទៀតថា “ប្រហែលជាត្រូវឡើងទៅហួសគណៈកម្មការនេះហើយមើលទៅ ពីព្រោះលោក ជាម យៀប កំពុងរារាំងវា គាត់បានប្រាប់យើងអំឡុងកិច្ចប្រជុំគណៈកម្មការថា គាត់យល់ថា វិធានការនេះមិនសូវស្រួល ពីព្រោះគាត់មិនចង់ប្រឆាំងអ្នកដែលមានអំណាចនៅក្នុងបក្ស។ យើងប្រហែលជាត្រូវឡើងទៅដល់លោក ហេង សំរិន ឬថ្នាក់កំពូល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ យើងត្រូវតែដោះស្រាយរឿងនេះ”។
លោក ជាម យៀប មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែ លោកស្រី លី គឹមឡេង តំណាងរាស្ត្រមួយរូបទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអគ្គលេខាធិការនៃគណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភា បានបដិសេធថា លោក ជាម យៀប មិនខ្លាចលោក ឡេង ប៉េងឡុង ទេ ហើយបានមានប្រសាសន៍ថា គណៈកម្មការកំពុងរង់ចាំឲ្យលោក សុន ឆ័យ ជ្រើសរើសកាលបរិច្ឆេទ។
លោកស្រីបានលើកឡើងបន្តថា “ទេ វាមិនមែនជាការពិតទេ។ បញ្ហាគឺនៅត្រង់កាលបរិច្ឆេទ។នោះគឺដោយសារតែលោកអគ្គលេខាធិការ [នៃរដ្ឋសភា] មមាញឹកខ្លាំងពេកជាមួយនឹងកិច្ចប្រជុំជាច្រើនក្នុងពេលថ្មីៗនេះ។ ដូច្នេះប្រធានគណៈកម្មការចង់ឲ្យគាត់ [លោក សុន ឆ័យ] កំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់កិច្ចប្រជុំ។ នៅពេលណាគាត់ផ្តល់កាលបរិច្ឆេទជាក់លាក់ហើយនោះ ពេលនោះយើងអាចជូនដំណឹងទៅអគ្គលេខាអំពីកិច្ចប្រជុំនេះ។ ខ្ញុំគិតថា លោក សុន ឆ័យ អនុប្រធានគណៈកម្មការមានការគោរពគ្នាទៅវិញទៅមកចំពោះលោកប្រធានគណៈកម្មការ ដូច្នេះហើយគាត់ចង់ឲ្យលោកប្រធានជាអ្នកអ្នកសម្រេចកាលបរិច្ឆេទនេះ”។
លោក មិត្ត ការ៉េន អនុប្រធានរបស់លោក ឡេង ប៉េងឡុង បានច្រានចោលការចោទប្រកាន់លើលោក ឡេង ប៉េងឡុង ហើយបានមានប្រសាសន៍ថា ប្រធានរបស់លោកនឹងចូលខ្លួនឆ្លើយបំភ្លឺ ប្រសិនបើមានការកោះហៅ៕