សង្គមស៊ីវិលរិះគន់សំដីលោក ហ៊ុន សែន ដែលព្រមានបាញ់កាំជ្រួចហ្វូងចូលតំបន់អារ៉ែងខេត្តកោះកុង សង្គមស៊ីវិលរិះគន់សំដីលោក ហ៊ុន សែន ដែលព្រមានបាញ់កាំជ្រួចហ្វូងចូលតំបន់អារ៉ែងខេត្តកោះកុង
VOD : ណាត សុភាព
មន្ត្រីសង្គមស៊ីវិលនៅថ្ងៃពុធនេះ រិះគន់វោហាសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីព្រមានប្រើកាំជ្រួចហ្វូងបាញ់ចូលទៅតំបន់អារ៉ែង ខេត្តកោះកុង ថាជាការបញ្ចេញមតិទាំងកំហឹង និងហិង្សា ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីទិវាជាតិទីក្រុងស្អាត កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញ ថានឹងប្រើកាំភ្លើងធុនធ្ងន់បាញ់ចូលទៅតំបន់អារ៉ែង ប្រសិនបើមានបុគ្គលណាមួយយកទីតាំងនោះធ្វើជាតំបន់អបគមន៍ ។ លោកមានប្រសាសន៍ថា «បើចង់បង្កើតអបគមន៍សូមអញ្ជើញ ដាក់ BM21 ឥឡូវទាន់មានធុនថ្មីៗផង យ៉ាប់ពេកហ្មង តែគេមិនចោទដល់ថ្នាក់ប៉ុណ្ណឹង ប៉ុន្តែដល់ពេលថា្នក់ហ៊ាន គេគ្រាន់តែទៅសិក្សាពិនិត្យមើល ហ៊ានចាប់គេដែរ» ។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសមព្រមានប្រើកាំជ្រួចហ្វូងបាញ់ចូលតំបន់អារ៉ែង នោះទេ ព្រោះវាមិនសមាមាត្រជាមួយកម្លាំងប្រជាសហគមន៍ និងសមាគមទេ ដោយសារតែអ្នកទាំងនោះមានបំណងការពារធនធានធម្មជាតិ ដោយមិនមានអាវុធនោះឡើយ ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន គួរផ្លាស់ប្តូរការបញ្ចេញមតិហិង្សាបែបនេះ បើពុំដូច្នោះទេនឹងបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ។ លោកថា «ការបញ្ចេញមតិណាដែលអត់សមាមាត្រ នៅក្នុងសម័យបច្ចុប្បន្ននេះ មិនទទួលបានការគាំទ្រ មិនមែនដូចពីដើមទេ ។ ពីដើមឧបមាថាយើងឃើញខ្មែរក្រហម នៅឯណោះមានអាវុធតតាំងហើយយើងប្រកាសរៀបចំទ័ព រៀបចំមីស៊ីលទៅតទល់ជាមួយខ្មែរក្រហម ប្រហែលមានប្រជាពលរដ្ឋគេគាំទ្រ ហើយគេគិតថា ត្រូវតែតទល់ជាមួយពួកប្រើអំពើហិង្សា ។ ប៉ុន្តែដល់ពេលឥឡូវ សម័យទំនើបនេះ នៅពេលដែលប្រជាពលរដ្ឋអត់មានអាវុធ យើងថារឿងអស់ហ្នឹងមិនទទួលបានការគាំទ្រ និងឲ្យតម្លៃទេ» ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច យល់ថាលោក ហ៊ុន សែន ទំនងជាប្រើសំដីជ្រុលដោយសារខឹងនឹងសកម្មជនការពារធនធានធម្មជាតិកន្លងទៅ ដែលមានបំណងរារាំងអ្នកជំនាញមិនឲ្យសិក្សាតំបន់អារ៉ែងនោះ ។ លោកថា នៅអារ៉ែងមិនមានតំបន់សេដ្ឋកិច្ចត្រូវទៅបង្កើតតំបន់អបគមន៍នោះទេ។ លោក សុខ ទូច បញ្ជាក់ថាអ្នកនយោបាយតែងតែប្រើសំដីធ្ងន់ៗបែបនេះ ចំពោះការអនុវត្តជាក់ស្តែងគេមិនដែលយកកម្លាំងដោះស្រាយបញ្ហាទេ ជាពិសេសករណីសកម្មជនការពារធនធានធម្មជាតិលោកអាឡិច គេប្រើច្បាប់ទៅអនុវត្ត ។ លោកថា «ការប្រើវោហាសព្ទ ជានិច្ចជាកាលថ្នាក់ដឹកនាំគាត់ច្រើនប្រើវោហាសព្ទបែបហ្នឹង ប៉ុន្តែវោហាសព្ទបែបហ្នឹងវាធ្វើឲ្យសារព័ត៌មានឬអ្នកនយោបាយដៃគូប្រើប្រាស់ទៅជារលកនៃនយោបាយ ។ ខ្ញុំយល់ថាជានិច្ចជាកាលមិនដល់ថ្នាក់ហ្នឹងទេ តែងតែយកបញ្ហាមកដោះស្រាយ ហើយយើងឃើញថា ដូចលោកអាឡិច គឺឃើញថា យើងប្រើប្រព័ន្ធច្បាប់ទាំងអស់ អត់មានបានប្រើអំពើហិង្សា ដូចអីដែលបានប្រើប្រាស់វោហាសព្ទហ្នឹងទេ» ។
សូមជម្រាបថា ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីអាជ្ញាធររបស់លោក បានចាប់បណ្តេញសកម្មជនការពារធនធានធម្មជាតិនៅក្នុងសមាគមឈ្មោះ មាតាធម្មជាតិ លោក អាឡិច ដែលជាជនជាតិអេស្ប៉ាញចេញពីកម្ពុជា ទៅប្រទេសរបស់ខ្លួនវិញដោយបង្ខំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ដោយសារទិដ្ឋាការរបស់លោកអាឡិច ផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ៕